
ភាពជូរចត់ និងភាពរីករាយនៃអាងត្រពាំងថ្ម!
អាងត្រពាំងថ្ម ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានចម្ងាយ ៦៦គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ ។ អាងត្រពាំងថ្ម ជាមរតកបន្សល់ទុកពីរបបខ្មែរក្រហមដោយមានប្រជាជនខ្មែរជាច្រើននាក់បានស្លាប់ដោយសារធ្វើការបាក់កម្លាំង ឈឺគ្មានថ្នាំព្យាបាល និងគ្មានអាហារហូបគ្រប់គ្រាន់ ប៉ុន្តែបច្ចុប្បន្ន ទីនោះបានក្លាយទៅជាតំបន់ទេសចរណ៍បែបធម្មជាតិ ដែលមានសម្រស់ដ៏ស្រស់ត្រកាល មានទេសភាពដាច់កន្ទុយភ្នែក ទិដ្ឋភាពវាលស្រែធំល្វឹងល្វើយលាយឡំជាមួយនឹងខ្យល់អាកាសបរិសុទ្ធ នៅជិតជើងភ្នំ ហើយទីនោះ ក៏ត្រូវបានគេរៀបចំអភិរក្សជាតំបន់អេកូទេសចរណ៍មួយ ដែលសម្បូរទៅដោយធនធានជីវចម្រុះនានា និងជាតំបន់ប្រវត្តិសាស្រ្ត និងធម្មជាតិគំរូរបស់កម្ពុជាមុនគេ។ អាងត្រពាំងថ្ម ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តមួយ និងជាតំបន់អភិរក្សជម្រកសត្វស្លាបកម្រ និងសត្វស្លាបជិតផុតពូជផងដែរ។ ភ្ញៀវទេសចរណ៍ ក៏អាចមកងូតទឹក ជិះទូកលេងកំសាន្តទស្សនាសត្វស្លាប និងមានខ្យល់បរិសុទ្ធ ផាសុខភាព និងមានម្ហូប គ្រប់មុខ មាន់អាំង ទាអាំង ជាពិសេសគឺត្រីស្រស់ៗជាច្រើនប្រភេទ ។អាងត្រពាំងថ្ម អាចស្តុកទឹកបានចំនួន១៨០លានម៉ែត្រគូបនៅរដូវវស្សា និងនៅរដូវវប្រាំងអាចស្តុបទឹកបាន ១២០លានម៉ែត្រគូប និងជួយផ្គត់ផ្គង់ទឹកដល់ដំណាំស្រែចំការរបស់ប្រជាកសិករផងដែរ។
